ធនធានមនុស្សក្លាយជាអាទិភាពទី ១, ហ្វេសប៊ុកបង្កើនល្បឿនដោះស្រាយកង្វល់ប្រជាពលរដ្ឋ

ថ្ងៃ ១១ កុម្ភៈ ឆ្នាំ ២០១៦ ថ្លែងសង្កថាសម្ពោធសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគរបស់រដ្ឋ និងឯកជន លើវិស័យអប់រំ ដោយរុញច្រាន​សា​លារៀនឱ្យទៅកៀកនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជួយអោយប្រទេសកាត់បន្ថយបាន​នូវគម្លាតខាង​ខួរក្បាល។ សម្តេចអះអាងថា ការបណ្ដុះបណ្ដាលធនធានមនុស្សបានក្លាយ ទៅជាប្រធានបទគន្លឹះនៃការ​អភិវឌ្ឍរបស់កម្ពុជា ដែលកាត់បន្ថយគម្លាតផ្ទៃក្នុងខ្លួនឯងផង និងក៏កាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាមួយ​ប្រ​ទេស​ដទៃថែមទៀតផង។ “អាទិភាព ៤ គឺ មនុស្ស, ទឹក, ផ្លូវ ភ្លើង ត្រូវតែដើរស្របគ្នា និងនៅតែជាអាទិ​ភាពដែលយើងត្រូវដោះស្រាយ” សម្តេចតេជោបញ្ជាក់ និងកត់សម្គាល់ថា ការពង្រាយសាលាទៅជិត​សិស្ស បានជួយអោយសិស្សមានលទ្ធភាពរៀនចប់ថ្នាក់ទី ៩ ហើយក៏បង្កឱកាសអោយយុវ​នារី​នៅមូល​ដ្ឋាន អាចបន្តការសិក្សាបានដែរ។ ស្តីពី E-Government ឬរដ្ឋាភិបាលអេឡិកត្រូនិក ហើយក៏ជាការឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ ដែល​រិះ​គន់​ថា ការដែលសម្ដេចប្រើហ្វេសប៊ុក ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​បានធ្វើឱ្យបាត់ប្រព័ន្ធការ​ងារ​របស់ក្រសួង ស្ថាប័ន រដ្ឋ, សម្ដេចទាញបំភ្លឺថា ការប្រើហ្វេសប៊ុកមិនចោលប្រព័ន្ធការងារដែល​ធ្លាប់​មាន​ពី​មុនទេ ក៏ប៉ុន្តែវាបានបង្កើន និងពន្លឿនប្រសិទ្ធិភាពដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ “ខ្ញុំសូមផ្តាំ​ត្រ​ឡប់​ទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារដែលធ្លាប់មានពីមុនទេ។ ខ្ញុំគ្រាន់តែ​បង្កើន​ល្បឿន​ឲ្យមន្ត្រីរបស់យើង​គ្រប់ទីកន្លែង ដោះស្រាយការងារឲ្យបានលឿនបំផុតសម្រាប់ប្រជាពលរដ្ឋ” សម្តេចបញ្ជាក់៕